សន្តិសុខ និងឯកជនភាព នៅពេលប្រើប្រាស់ Outline
សន្តិសុខ និងឯកជនភាព នៅពេលប្រើប្រាស់ Outline
របៀបដែល Outline ការពារទំនាក់ទំនងលើអ៊ីនធឺណិតរបស់អ្នក
ចរាចរណ៍អ៊ីនធឺណិតងាយរងការឃ្លាំមើលបំផុត ខណៈពេលផ្លាស់ទីតាមបណ្តាញក្នុងតំបន់ ឬក្នុងប្រទេសរបស់អ្នក។
Outline ជួយរក្សាទំនាក់ទំនងរបស់អ្នកឱ្យមានលក្ខណៈឯកជនដោយការអ៊ីនគ្រីបចរាចរណ៍អ៊ីនធឺណិតរបស់អ្នក ខណៈពេលដែលចរាចរណ៍នោះផ្លាស់ទីនៅខាងក្នុងបណ្តាញក្នុងប្រទេសរបស់អ្នក និងបន្តអ៊ីនគ្រីបចរាចរណ៍នោះរហូតទាល់តែទៅដល់ម៉ាស៊ីនមេ Outline។ នៅពេលចរាចរណ៍ត្រូវបានអ៊ីនគ្រីបដោយ Outline អ្នកឃ្លាំមើលបណ្តាញមិនអាចត្រួតពិនិត្យគេហទំព័រដែលអ្នកចូលមើល ឬព័ត៌មានដែលអ្នកកំពុងផ្ទេរនោះបានទេ។
Outline ក៏អាចជួយអ្នកស្ដារឡើងវិញនូវសិទ្ធិចូលប្រើឧបករណ៍ទំនាក់ទំនងដែលមានសុវត្ថិភាពពីម្ខាងទៅម្ខាងទៀត ដែលប្រហែលជាមិនអាចចូលប្រើបាននៅក្នុងប្រទេសរបស់អ្នកផងដែរ។
ស្តង់ដានៃការអ៊ីនគ្រីប
Outline អ៊ីនគ្រីបទំនាក់ទំនងរវាងឧបករណ៍របស់អ្នក និងម៉ាស៊ីនមេ Outline ដោយប្រើសាយហ្វើ AEAD 256-bit Chacha2020 IETF Poly 1305។ សាយហ្វើ AEAD ផ្ដល់ជូនភាពសម្ងាត់ សុក្រឹតភាព និងភាពពិត ព្រមទាំងបង្ហាញប្រតិបត្តិការល្អបំផុតលើហាតវែរទំនើប។
ការត្រួតពិនិត្យសន្តិសុខ
នៅឆ្នាំ 2018 Outline ត្រូវបានត្រួតពិនិត្យដោយស្ថាប័នសន្តិសុខឌីជីថលឯករាជ្យចំនួនពីរ ពោលគឺ Radically Open Security និង Cure53 ដែលត្រួតពិនិត្យកម្មវិធីធៀបនឹងស្តង់ដាសន្តិសុខចុងក្រោយបំផុត។ Radically Open Security បានធ្វើការត្រួតពិនិត្យបន្ថែមនៅឆ្នាំ 2022 ហើយ Cure53 បានត្រួតពិនិត្យ Outline SDK នៅឆ្នាំ 2024។ អ្នកអាចអានរបាយការណ៍នៅទីនេះ៖
- របាយការណ៍ស្ដីពីការធ្វើតេស្តបំបែកចូលរបស់ Radically Open Security (ខែមីនា ឆ្នាំ 2018)
- របាយការណ៍ស្ដីពីការធ្វើតេស្តបំបែកចូល និងការត្រួតពិនិត្យរបស់ Cure53 ដោយផ្ដោតលើ Jigsaw Outline (ខែធ្នូ ឆ្នាំ 2018)
- របាយការណ៍ស្ដីពីការធ្វើតេស្តបំបែកចូលរបស់ Radically Open Security (ខែធ្នូ ឆ្នាំ 2022)
- របាយការណ៍ស្ដីពីការធ្វើតេស្តបំបែកចូលរបស់ Cure53 ដោយផ្ដោតលើ Jigsaw Outline VPN SDK (ខែមករា ឆ្នាំ 2024)
មេទ្រិក និងកំណត់ហេតុដែលមានលក្ខណៈអនាមិក
Outline តាមដានកម្រិតបញ្ជូនដែលត្រូវបានប្រើជា "បៃដែលបានផ្ទេរ" សម្រាប់កូដចូលប្រើនីមួយៗប៉ុណ្ណោះ។ ព័ត៌មាននេះអនុញ្ញាតឱ្យអ្នកគ្រប់គ្រងម៉ាស៊ីនមេកែតម្រូវការជាវកម្រិតបញ្ជូនរបស់ពួកគេជាមួយក្រុមហ៊ុនផ្តល់សេវាម៉ាស៊ីនមេលើប្រព័ន្ធពពករបស់ពួកគេតាមតម្រូវការ ប៉ុន្តែមិនអនុញ្ញាតឱ្យពួកគេមើលឃើញព័ត៌មានជាក់ស្តែងដែលបានឆ្លងកាត់ម៉ាស៊ីនមេ Outline ទេ។
ស្វែងយល់បន្ថែមអំពីការប្រមូលព័ត៌មាន និងទិន្នន័យរបស់ Outline។
សំណួរដែលសួរញឹកញាប់អំពីសន្តិសុខ និងឯកជនភាព
តើ Outline អាចធ្វើឱ្យខ្ញុំមានលក្ខណៈអនាមិកលើអ៊ីនធឺណិតបានទេ?
ទេ Outline មិនមែនជាឧបករណ៍ដែលធ្វើឱ្យមានលក្ខណៈអនាមិកទេ។ Outline ការពារឯកជនភាពរបស់អ្នកពីអ្នកឃ្លាំមើលបណ្តាញដែលអាចមាន។
Outline មិនផ្តល់លក្ខណៈអនាមិកពេញលេញដល់អ្នកនៅលើគេហទំព័រដែលអ្នកចូលទៅកាន់ទេ ដោយសារគេហទំព័រទាំងនោះនៅតែអាចកំណត់អត្តសញ្ញាណរបស់អ្នក នៅពេលអ្នកចូលគណនី និងពេលខ្លះតាមរយៈបច្ចេកទេស ដូចជាស្នាមម្រាមដៃលើកម្មវិធីរុករកតាមអ៊ីនធឺណិតជាដើម។ សម្រាប់កម្មវិធីឧបករណ៍ចល័ត ទូរសព្ទឆ្លាតវៃដែលទំនើបភាគច្រើនមាន API ដែលអនុញ្ញាតឱ្យកម្មវិធីដែលបានដំឡើងទាញយកទីតាំងរបស់អ្នកដោយមិនអាស្រ័យលើប្រូកស៊ីរបស់អ្នក ព្រោះកម្មវិធីទាំងនោះអាចពឹងផ្អែកលើ GPS ដែលបានបង្កប់។
ជាទូទៅ VPN ផ្តល់ការការពារសំខាន់ៗ ជាពិសេសពីការឃ្លាំមើលតាមអ៊ីនធឺណិត ប៉ុន្តែហានិភ័យចំពោះប្រតិបត្តិការលើអ៊ីនធឺណិតតែងតែមានជានិច្ច។ ទោះបីជាមាន VPN ក៏ដោយ ប្រសិនបើ ISP ស្គាល់អត្តសញ្ញាណរបស់អ្នករួចហើយ និងអាចសង្កេតមើលចរាចរណ៍បណ្តាញរបស់អ្នក នោះ ISP ប្រហែលជាអាចកំណត់អាសយដ្ឋាន IP នៃម៉ាស៊ីនមេ Outline របស់អ្នកបាន។ ព័ត៌មាននេះអាចត្រូវបានប្រើប្រាស់ ដើម្បីទប់ស្កាត់ការចូលប្រើម៉ាស៊ីនមេ Outline ឬស្វែងយល់អំពីលំនាំនៃការប្រើប្រាស់ ដូចជាពេលវេលាដែលជាធម្មតាអ្នកស្ថិតនៅលើអ៊ីនធឺណិត និងទីតាំងប្រហាក់ប្រហែលរបស់អ្នកជាដើម។
តើអាចមានមនុស្សដែលដឹងថាខ្ញុំកំពុងប្រើប្រាស់ Outline ដែរឬទេ?
ប្រហែលជាអាចមាន។ ប្រព័ន្ធ និងសេវាកម្មដែលអ្នកចូលប្រើទំនងជានឹងអាចដឹងថា ការតភ្ជាប់របស់អ្នកគឺមកពីម៉ាស៊ីនមេលើប្រព័ន្ធពពក។ យូរៗម្ដង ប្រព័ន្ធ និងសេវាកម្មទាំងនោះអាចសន្និដ្ឋានបានថាអ្នកកំពុងប្រើប្រាស់ VPN ប៉ុន្តែប្រព័ន្ធ និងសេវាកម្មទាំងនោះនឹងមិនអាចមើលឃើញខ្លឹមសារនៃចរាចរណ៍អ៊ីនធឺណិតរបស់អ្នកបានទេ។
តើ Outline ការពារខ្ញុំពីការគំរាមកំហែងតាមប្រព័ន្ធបច្ចេកវិទ្យាដែលអាចកើតមានទាំងអស់បានដែរឬទេ?
ទេ។ គ្មានឧបករណ៍ណាមួយនឹងការពារអ្នកពីការគំរាមកំហែងតាមប្រព័ន្ធបច្ចេកវិទ្យាដែលអាចកើតមានទាំងអស់នោះទេ។ Outline អនុញ្ញាតឱ្យអ្នកចូលប្រើអ៊ីនធឺណិតបើកចំហ និងបង្កើនឯកជនភាពរបស់អ្នកដោយការអ៊ីនគ្រីបចរាចរណ៍របស់អ្នក ប៉ុន្តែយើងសូមណែនាំឱ្យអ្នកមានការប្រុងប្រយ័ត្នបន្ថែមជាមុន ដើម្បីការពារខ្លួនអ្នកពីប្រភេទនៃការវាយប្រហារផ្សេងទៀត ដូចជាកម្មវិធីគ្រោះថ្នាក់ និងការដាក់នុយជាដើម។
ដើម្បីពង្រឹងការការពារលើអ៊ីនធឺណិតរបស់អ្នក សូមពិចារណាសហការជាមួយអ្នកជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យាក្នុងស្ថាប័នរបស់អ្នក។ ឬម៉្យាងទៀត អ្នកអាចទទួលបានការណែនាំដែលមានលក្ខណៈផ្ទាល់ខ្លួនពីអ្នកជំនាញផ្នែកសន្តិសុខនាំមុខគេនៅ Security Planner ដែលជាគេហទំព័រដែលបានបង្កើតឡើង ដើម្បីផ្ដល់ការណែនាំច្បាស់លាស់ដល់អ្នកទាក់ទងនឹងការជ្រើសរើសឧបករណ៍សន្តិសុខបច្ចេកវិទ្យាត្រឹមត្រូវសម្រាប់ដោះស្រាយកង្វល់របស់អ្នក។
អ្នកក៏អាចពិនិត្យមើលផលិតផលផ្នែកសន្តិសុខបច្ចេកវិទ្យាផ្សេងទៀតពី Jigsaw ដូចជា Intra, Project Shield និងការព្រមានអំពីពាក្យសម្ងាត់បានផងដែរ។
តើការប្រើប្រាស់ VPN ស្របច្បាប់ដែរឬទេ?
សូមពិនិត្យមើលច្បាប់ និងបទប្បញ្ញត្តិក្នុងតំបន់របស់អ្នក ព្រមទាំងលក្ខខណ្ឌប្រើប្រាស់របស់ក្រុមហ៊ុនផ្ដល់សេវាប្រព័ន្ធពពកដែលអ្នកគ្រោងនឹងប្រើ មុនពេលដំណើរការ Outline ឬប្រើប្រាស់កម្មវិធី។